រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងជួយបំពាក់ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍បន្ថែមទៀត ដោយអាចនឹងត្រូវបំពាក់នៅទូទាំងប្រទេសតែម្ដង។ គម្រោងនេះ ត្រូវបានបង្ហាញ បន្ទាប់ពីចិនបានជួយដំឡើងប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០១៤មកម្ល៉េះ។
គម្រោងបំពាក់ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នៅទូទាំងប្រទេស ត្រូវបានប្រកាសក្នុងជំនួបពិភាក្សាការងាររវាងនាយឧត្តមសនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាមួយលោក ចាវ ឃើជឺ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន និងជាសមាជិកប្រឹក្សារដ្ឋរបស់ចិន នាព្រឹកថ្ងៃទី១២ ខែឧសភានេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យបានថ្លែងប្រាប់ថា រដ្ឋមន្រ្តីក្រសួងសន្តិសុខចិន មកអគ្គស្នងការដ្ឋាននគរបាលជាតិ គឺដើម្បីមើលទីបញ្ជាការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងទីបញ្ជាការទទួលការហៅចូលពីប្រជាពលរដ្ឋមកអគ្គស្នងការដ្ឋាននគរបាលជាតិ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបន្តថា ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ ដែលបានបំពាក់នៅតាមដងផ្លូវសំខាន់ៗនៅរាជធានីភ្នំពេញ គឺមានជំនួយពីចិន និងវៀតណាម។ រហូតមកដល់ពេលនេះ ប្រព័ន្ធនេះមានជិត១ពាន់កាមេរ៉ាសុវត្ថិភាព និងបូកទាំងកាមេរ៉ារបស់សាលារាជធានីភ្នំពេញ ចំនួន៦០០ទៀត។
លោកបន្ថែមថា ជាបន្តទៀតនៅតាមខេត្តសំខាន់មួយចំនួន ក៏នឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពផងដែរ មានដូចជា ខេត្តសៀមរាប និងខេត្តព្រះ សីហនុ៕
អត្ថបទ៖ សោភា
No comments:
Post a Comment