ផ្លូវ ៣ខែ្សរបស់កម្ពុជា មានសម្រស់ស្រស់ត្រកាល គយគន់មិនណាយ ឆ្ងាយដាច់កន្ទុយភ្នែកមនុស្សម្នា។ តើប្រិយមិត្តដឹងទេថា ផ្លូវទាំងនោះស្ថិតនៅខេត្តណា និងមានព្រំដែនជាប់ប្រទេសណាខ្លះនោះ តោះសូមអានលម្អិតដូចខាងក្រោម៖
១. ផ្លូវជាតិលេខ ៥៥ខេត្តពោធិ៍សាត់ ទល់ព្រំដែនថៃ
ផ្លូវជាតិលេខ៥៥នេះ មានប្រវែងជាង ១៨២គីឡូម៉ែត្រ ទទឹង 9ម៉ែត្រ។ ជាផ្លូវហាយវេថ្នាក់ទី៣ និងត្រូវបានកំណត់ល្បឿនក្នុងការបើកបរ នៅតំបន់ធម្មតា គឺក្នុងល្បឿន60km/ម៉ោង។ ចំពោះផ្លូវស្ថិតក្នុងតំបន់ភ្នំ គឺបានកំណត់ល្បឿន 30គីឡូម៉ែត្រ/ម៉ោង។ផ្លូវមួយខ្សែនេះ គឺជាបណ្ដាញផ្លូវដ៏សំខាន់មួយ នៃការតភ្ជាប់ការដឹកជញ្ជូនពីខេត្តពោធិ៍សាត់ ទៅតភ្ជាប់នឹងផ្លូវជាតិលេខ៥ និងបណ្ដាផ្លូវសំខាន់ៗមួយចំនួនទៀត នៃព្រំដែនកម្ពុជា-ថៃ ហើយវាជាផ្នែកមួយដ៏សំខាន់បំផុតនៃបណ្ដាញផ្លូវ នៅភាគខាងលិច ប្រទេសកម្ពុជា។
២. ផ្លូវពីរតនគីរី កាត់មណ្ឌលគិរី ដល់ព្រំដែនវៀតណាម
បើអ្នកដំណើរចេញពីទីរួមខេត្តរតនគីរីដល់ស្រុកលំផាត់ និងបន្តដំណើរឆ្ពោះទៅស្រុកកោះញែកខេត្តមណ្ឌលគីរី រហូតដល់ព្រំដែនប្រទេសវៀតណាម លោកអ្នកប្រាកដជាមានអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយនឹងសម្រស់ធម្មជាតិតាមដងសង្ខាងផ្លូវប្រៀបដូចជាផ្ទាំងគំនូរដែលផុសចេញពីវិចិត្រករដៃឯក។ ផ្លូវជាង២០០គីឡូម៉ែត្រហាក់ដូចជាឆ្ងាយ ប៉ុន្តែពេលធ្វើដំណើរលើងផ្លូវដែលពោរពេញដោយសម្រស់ធម្មជាតិ និងគ្មានអ្វីរំខានដល់ចរាចរណ៍ ស្រាប់តែទៅដល់ទីរួមខេត្តមណ្ឌលគីរីក្នុងរយៈពេលមួយដែលអារម្មណ៍របស់លោកអ្នកមិនទាន់អស់ចិត្តនឹងធម្មជាតិឡើយ។
៣. ផ្លូវដាក់ដាំ ទល់ដែនប្រទេសវៀតណាម
ធ្វើដំណើរចេញពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឆ្ពោះទៅឃុំដាក់ដាំ ស្រុកអូររាំង រហូតដល់ទល់ដែនប្រទេសវៀតណាម ចម្ងាយផ្លូវប្រហែល ៣០គីឡូម៉ែត្រ លោកអ្នកនឹងឃើញមានទេសភាពដ៏ស្រស់ត្រកាល ប្រៀបដូចជានៅបណ្ដាប្រទេសអភិវឌ្ឍយ៉ាងដូច្នោះដែរ។ ជាមួយនឹងអាកាសធាតុត្រជាក់នៅតំបន់ឦសានខេត្តមណ្ឌលគិរី ផ្លូវទៅដាក់ដាំ ក្រាលដោយកៅស៊ូ ស្អាត ខណៈតាមផ្លូវមានឡើងភ្នំចុះភ្នំ ផ្លូវមានរៀងអក្សរ N បត់បែន ថែមទាំងមានដើមឈើតូចធំអមសងខាងផ្លូវ ជាពិសេសគឺមានដើមស្រល់ដុះលើភ្នំ និងមានស្មៅលើភ្នំពណ៌មាសទៀតនោះ ធ្វើឲ្យអ្នកស្ទើរតែមិនជឿថា ជាដែនដីរបស់ដូនតាខ្មែរយើងឡើយ៕
អត្ថបទ៖ ស៊ិន សាវ៉េត
No comments:
Post a Comment