មន្ទីរបញ្ចកោណអាមេរិក Pentagon បានសម្រេចហាមឃាត់ការលក់ស្មាតហ្វូនចិនចំនួន២ម៉ូដែលគឺ Huawei និង ZTE ក្នុងមូលដ្ឋានយោធារបស់ខ្លួននៅទូទាំងពិភពលោក។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក Dave Eastburn វរសេនីយ៍ត្រីមន្ទីរ Pentagon ថ្លែងទៅកាន់សារព័ត៌មាន CNET កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។
ការហាមឃាត់នេះ ធ្វើឡើងក៏ព្រោះតែក្ដីព្រួយបារម្ភរបស់អាមេរិកជុំវិញបញ្ហាសុវត្ថិភាព ដែលយល់ឃើញថាក្រុមហ៊ុនទូរសព្ទទាំង២នោះអាចលួចប្រមូលទិន្នន័យពីបុគ្គលិកយោធាទៅឲ្យរដ្ឋាភិបាលចិន។ លោក Dave Eastburn បាននិយាយថា៖ "ទូរសព្ទ Huawei និង ZTE អាចបង្កផលប៉ះពាល់អវិជ្ជមានណាមួយចំពោះបុគ្គលិកក្រសួងការពារជាតិ ព័ត៌មាន និងបេសកកម្ម"។
សូមជម្រាបថា នេះគ្រាន់តែជាការហាមឃាត់ការលក់តែប៉ុណ្ណោះនៅក្នុងមូលដ្ឋានយោធាអាមេរិក។ យ៉ាងណាមិញ យោធាអាមេរិកនៅតែអាចទិញ Huawei និង ZTE ប្រើបានដដែល នៅទីតាំងលក់ផ្សេងទៀតក្រៅពីមូលដ្ឋានឈរជើង។ បច្ចុប្បន្ន ក្រសួងការពារជាតិអាមេរិកកំពុងពិចារណាលើគម្រោងប្រឹក្សាយោបល់ចំពោះយោធាអំពីការប្រើប្រាស់ទូរសព្ទរបស់ពួកគេ ក៏ដូចជាម៉ាកទូរសព្ទដែលគួរប្រើជាដើម៕
No comments:
Post a Comment