កាសែតភ្នំពេញប៉ុស្តិ៍ ជាភាសាអង់គ្លេស និងភាសាខ្មែរ ត្រូវបានក្រុមហ៊ុនអូស្ត្រាលីដែលជាម្ចាស់ លក់ទៅឲ្យក្រុមហ៊ុនរបស់អ្នកវិនិយោគជាជនជាតិម៉ាឡេស៊ី Sivakumar G. ( Siva )ហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់តំណាងក្រុមហ៊ុន Post Media Co. LTD ។
ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ លោក Bill Clough ដែលជាម្ចាស់ក្រុមហ៊ុន Post Media Co. LTD និងជាចាងហ្វាងការផ្សាយរបស់កាសែត Phnom Penh Post បានលើកឡើងថា លោក Siva ដែលបានទិញយកកាសែត Phnom Penh Post គឺជាអ្នកសារព័ត៌មានដ៏ល្បីល្បាញ និងដ៏មានបទពិសោធន៍ ហើយក៏ជាតំណាងឲ្យក្រុមហ៊ុនវិនិយោគទុនដ៏ធំរបស់ម៉ាឡេស៊ី។
ក្នុងសេចក្តីប្រកាសដដែល លោក Bill Clough បានបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនកាសែតភ្នំពេញប៉ុស្តិ៍ បានដោះស្រាយ ជាមួយអគ្គនាយកដ្ឋានពន្ធដាររួចរាល់ហើយនូវបញ្ហាដែលពាក់ព័ន្ធនឹងរឿងពន្ធដារ។ ចំណែកករណីនៅតុលាការ ដែលអតីតបុគ្គលិកជាន់ខ្ពស់ជនជាតិបរទេស បានប្តឹងផ្តល់នោះ ក្រុមហ៊ុនកំពុងបន្តដោះស្រាយ នៅតុលាការ ហើយក្រុមហ៊ុន បានបញ្ជាក់ថា ការអនុវត្តដីការឹបអូសទ្រព្យសម្បត្តិរបស់កាសែតភ្នំពេញប៉ុស្តិ៍ ត្រូវបានផ្អាក ដោយរង់ចាំតុលាការកំពូល ជម្រះលើបណ្តឹងឧទ្ធរណ៍។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនកាសែតភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់ថា ទោះបីជាសេចក្តីសម្រេចរបស់តុលាការ បែបណាក៏ដោយ ក៏កាសែត Phnom Penh Post មិនប្រឈមនឹងការគំរាមកំហែងដល់ដំណើរការនៃការងាររបស់ខ្លួនឡើយ។
កាសែតភ្នំពេញប៉ុស្តិ៍ ជាភាសាអង់គ្លេស បង្កើតឡើងដំបូង កាលពីឆ្នាំ១៩៩២ ដោយលោក Michael Hayes។ នៅឆ្នាំ២០០៨ ក្រុមហ៊ុន Post Media ដែលមានថៅកែជាជនជាតិអូស្ត្រាលី បានទិញកាសែតភ្នំពេញប៉ុស្តិ៍ពីលោក Michael Hayes ហើយចេញផ្សាយប្រចាំថ្ងៃ ជាភាសាអង់គ្លេស និងនៅឆ្នាំ២០០៩ កាសែតភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយជាភាសាខ្មែរ៕
No comments:
Post a Comment