អគ្គរាជទូតថៃប្រចាំកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា-ថៃ គ្រោងនឹងបើកច្រកចេញចូលទ្វេភាគីចំនួន ៣បន្ថែមទៀត នៅខែមិថុនាក្រោយ ដើម្បីជំរុញទំនាក់ទំនង ផ្នែកពាណិជ្ជកម្មប្រទេសទាំង២ ឲ្យកាន់តែមានភាពល្អ ប្រសើរថែមទៀត ។
នេះជាការលើកឡើងរបស់លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេច ហេង សំរិន ប្រធាន រដ្ឋសភា ក្រោយជំនួបពិភាក្សាទ្វេភាគីរវាងលោក Panyarak Pool Thup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងសម្តេច ហេង សំរិន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។
លោកអគ្គរាជទូត គូសបញ្ជាក់ថា “កន្លងមកនេះ ក៏មានការបើកច្រកអន្តរជាតិ ព្រំដែនដើម្បីជំរុញឲ្យមាន លំហូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញឲ្យមាន ទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន ។ នៅខែខាងមុខនេះ នឹងមានការបើកច្រកព្រំ ដែនចំនួន៣បន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ”។
យ៉ាងណាក្តី លោក Panyarak Pool Thup មិនបានបញ្ជាក់ឲ្យដឹងថា ច្រកព្រំដែនដែលនឹងបើកនោះស្ថិតនៅក្នុងខេត្តណាមួយទេ ប៉ុន្តែលោកបានអះអាងថា ការបើកច្រកព្រំដែននេះ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យ មានការដោះដូរពាណិជ្ជកម្ម ប្រទេសទំាងពីរឲ្យមានការកើនឡើង៕
No comments:
Post a Comment