លោក Yoshihisa Kainuma នាយកប្រតិបត្តិក្រុមហ៊ុន Minebea (Cambodia) បានបញ្ជាក់អំពីការពេញចិត្តក្នុងការរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញ ក៏ដូចជាទីក្រុងផ្សេងៗនៅប្រទេសកម្ពុជា ក្លាយទៅជា ទីក្រុងឆ្លាតវៃ (Smart City) ដែលមានគោលដៅធ្វើឱ្យអគ្គិសនីមានតម្លៃទាប។ លោកនិយាយដូច្នេះ ទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបពិភាក្សា១ នៅក្រុមហ៊ុន Minebea ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។
លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញពីក្តីរីករាយ ដោយសារមានការគាំទ្រពីសម្ដេច ហ៊ុន សែន ដែលជួយឱ្យក្រុមហ៊ុនរបស់លោក បានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនអគ្គីសនី ក្នុងការផលិតអគ្គិសនីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ាត់ ធ្វើឱ្យតម្លៃអគ្គិសនីធ្លាក់ចុះទាប ហើយក្រុមហ៊ុនមានលទ្ធភាពធ្វើការប្រកួតប្រជែងបាន។
ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានកោតសរសើរចំពោះការខិតខំរបស់ក្រុមហ៊ុនក្នុងការជួយក្នុងវិស័យអគ្គិសនី ជាពិសេសការអភិវឌ្ឍនូវក្រុងឆ្លាតវៃ។
គួររំលឹកថា អំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរីកាលពីចុងសប្តាហ៍កន្លងទៅ មេដឹកនាំនៃបណ្ដាប្រទេសអាស៊ានទាំង១០ បានធ្វើការស្នើជ្រើសរើសទីក្រុងចំនួន ២៦ នៅក្នុងប្រទេសអាស៊ានទាំង១០ ធ្វើជាទីក្រុងសាកល្បងនៃគម្រោងបណ្ដាញក្រុងឆ្លាតវៃអាស៊ាន (ASCN)។ ក្នុងនោះ មានទីក្រុងរបស់កម្ពុជាចំនួន៣ផងដែរ គឺ រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប។
មកទល់ពេលនេះ ក្រុមហ៊ុន Minebea (Cambodia) បានវិនិយោគនៅកម្ពុជា លើទឹកប្រាក់ប្រមាណ ១៤០លានដុល្លារ ហើយបើបូកទាំងការចំណាយទៅលើការដឹកជញ្ជូនផ្សេងៗទៀត គឺសរុបទាំងអស់ប្រមាណជា ១៧០លានដុល្លាររួចហើយ៕
អត្ថបទ៖ សំភី
No comments:
Post a Comment