កន្លែងលក់ជ្រូកមួយកន្លែងនៅខេត្ត Dong Nai ប្រទេសវៀតណាម ត្រូវគេចាប់បាន ចាក់ទឹកចូលខ្លួនជ្រូកដើម្បីបង្កើនទម្ងន់របស់ពួកវា។
កម្មករចំនួន ២នាក់ នៅកន្លែងលក់ជ្រូកខាងលើ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ Thuy រស់នៅឃុំ Xuan Phu ស្រុក Xuan Loc ត្រូវគេចាប់បានចាក់ទឹកចូលទៅក្នុងខ្លួនជ្រូក នៅពេលប៉ូលិសឆ្មក់ចូល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
នៅពេលនោះ កសិដ្ឋានទំហំ ២ ០០០ម៉ែត្រការ៉េនោះ បានផ្ទុកសត្វជ្រូករស់ ចំនួន១៤០ក្បាល ដោយក្នុងមួយក្បាលមានទម្ងន់ប្រហែល ១០០គីឡូក្រាម។ ក្នុងចំណោមនោះដែរ មានជ្រូកចំនួន ៦៤ក្បាលត្រូវគេរកឃើញថា បានចាក់ទឹកចូលរួចជាស្រេច និងត្រៀមដឹកជញ្ជូនយកទៅលក់។
គួរបញ្ជាក់ថា ការចាក់ទឹកចូលខ្លួនជ្រូកនេះ គឺមានគោលបំណងដើម្បីបង្កើនទម្ងន់ និងតម្លៃរបស់វា។ កន្លែងលក់ជ្រូកនេះ បានបើកដំណើរការជិត ១០ឆ្នាំមកហើយ ដោយជ្រូកនិមួយៗត្រូវចាក់ទឹកពី ២ ទៅ ៤លីត្រ មុនពេលលក់ចេញ។ ចំនួនសត្វជ្រូកដែលត្រូវចាក់ទឹកចូលនៅទីនោះ មានចំនួនសរុបរហូតដល់ទៅ ១ ២៦០ក្បាលឯណោះ។
អ្នកស្រី Thuy បានប្រាប់ឲ្យដឹងថា ខ្លួនបានទិញជ្រូកពីកសិដ្ឋានក្បែរៗនោះ រួចយកមកចាក់ទឹកចូល មុនពេលលក់ចេញទៅឲ្យអ្នកទិញផ្សេងទៀត៕
ចុចអាន៖
អត្ថបទ៖ សេង ឡុង
No comments:
Post a Comment