ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៦ ខែមេសា ២០១៨ បានដាក់ដំណើរការកាណូតដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅហើយ។ ការដាក់ឲ្យដំណើរការលើកដំបូង នឹងផ្ដល់ជូនប្រជាពលរដ្ឋឲ្យជិះឥតគិតថ្លៃរយៈពេល ៤ខែ ចាប់ពីពេលបើកនេះតទៅ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការធ្វើដំណើរតាមផ្លូវទឹក ធ្វើឲ្យប្រជាពលរដ្ឋចំណេញពេលវេលាដោយចំណាយពេលជិះយ៉ាងតិច ១ម៉ោងប៉ុណ្ណោះ ព្រោះគ្មានការស្ទះ និងភ្លើងស្តុបដូចផ្លូវគោកទេ ហើយនៅពេលឡើងដល់ទៅកាណូត មានបំពាក់ម៉ាស៊ីនត្រជាក់ និងមានការណែនាំពីសុវត្ថិភាព តួយ៉ាងការពារអាវពោងជាដើម។
ឯកឧត្តមថា ប្រជាពលរដ្ឋរង់ចាំពេលឡើង និងចុះពីកាណូតនេះ ប្រហែលតែ ១០នាទី ហើយពេលវេលាចរាចរគឺ ១២ម៉ោង ចាប់ពីម៉ោង ៥កន្លះព្រឹក ដល់ ៥កន្លះល្ងាច។ កាណូតចំនួនពីរ ដោយមួយអាចផ្ទុកអ្នកដំណើរចំនួន ៥៤នាក់ និងមួយទៀតចំនួន ៦០នាក់។
យ៉ាងណាក្ដី សម្រាប់ចំណតកំពង់ផែសរុបចំនួន ៦ចំណត ប៉ុន្តែបច្ចុប្បន្នដំណើរការ ៤ចំណត មានឬស្សីកែវ ផ្សារចាស់ ចតុមុខ និងតាខ្មៅសិន ខណៈចំណត២ទៀត ព្រែកព្នៅ ឬស្សីកែវ ផ្សារចាស់ ចតុមុខ ច្បារអំពៅ និងតាខ្មៅ នៅមិនទាន់រួចរាល់។
ការដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍បានមួយចំនួន ព្រមទាំងមិនធ្វើឲ្យខូចផ្លូវថ្នល់ ហើយការចំណាយលើសេវាដឹកជញ្ជូនតាមផ្លូវទឹក ក៏មានតម្លៃថោកផងដែរ។ ឯកឧត្តម បន្ថែម៕
អត្ថបទ៖ ស៊ិន សាវ៉េត
No comments:
Post a Comment