លោក វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងទាមទារឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់មួយនៅអង្គការសហប្រជាជាតិ ក្រោយពីអាមេរិក អង់គ្លេស និងបារាំង បានបើកការវាយប្រហារប្រទេសស៊ីរី កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។
ប្រធានាធិបតីរុស្ស៊ី បានចាត់ទុកការវាយប្រហារនេះជាការបង្ហាញយ៉ាងច្បាស់អំពីទង្វើឈ្លានពាន ហើយជាការបំផ្លាញនៃប្រព័ន្ធទំនាក់ទំនងអន្តរជាតិ ដែលនឹងធ្វើឲ្យមហន្តរាយនៅស៊ីរីកាន់តែធ្ងន់ធ្ងរថែមទៀត។ លោក ពូទីន បានបញ្ជាក់ជាថ្មីម្ដងទៀតថា រឿងដែលរដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមីដាក់ប្រជាជននៅក្នុងក្រុង Douma គឺមិនមែនជាការពិតឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Bashar Assad ប្រធានាធិបតីស៊ីរី បានឲ្យដឹងថា ប្រទេសរបស់លោកនឹងធ្វើការសងសឹកវិញជាក់ជាមិនខាន ក្រោយពីទទួលរងការវាយប្រហារនេះ។ លោក Assad បានសរសេរបង្ហោះតាមគណនី Twitter ថា៖ "មនុស្សល្អនឹងមិនត្រូវគេប្រមាថឡើយ"៕
No comments:
Post a Comment