ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ។
ភ្លៀងកក់ខែនេះ គឺបណ្តាលមកពីជ្រលងសម្ពាធទាប (នៅលើផ្ទៃដី) បាននឹងកំពុងគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា។
ខេត្តដែលនឹងមានភ្លៀងកក់ខែក្នុងកម្រិតពីមធ្យម ទៅច្រើន រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប។ ចំណែកបណ្តារាជធានី-ខេត្តដទៃទៀត នឹងមានភ្លៀងកក់ខែធ្លាក់ពីតិចទៅបង្គួរ។
ក្រសួងធនធានទឹក ក៏បានបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា បណ្តាខេត្តនៅភាគពាយព្យ នឹងមានភ្លៀងកក់ខែបន្តធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។ ក្រសួងក៏បានអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តនៅភាគពាយព្យនេះ។
ចំណែកស្ថានភាពសីតុណ្ហភាពជាទូទៅគឺអតិបរមា ស្ថិតក្នុងរង្វង់ ២៩-៣០ អង្សារសេ និងអប្បបរមា ស្ថិតក្នុងរង្វង់ ២៥-២៦ អង្សារសេ៕
អត្ថបទ៖ សំភី
No comments:
Post a Comment