(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ រឿង សោភ័ណ្ឌ នឹងធ្វើដំណើរឆ្ពោះទៅប្រទេសបារាំង នៅយប់ថ្ងៃទី០៥ ខែមេសានេះ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិ និងដណ្ដើមខ្សែក្រវាត់ចំនួន ៤កម្មវិធីផ្សេងៗគ្នា ក្រោមការដឹកនាំរបស់លោក មាម រ៉ា ប្រធានសហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ។
រឿង សោភ័ណ្ឌ បានឲ្យដឹងថា នេះគឺជាលើកទី៣ ហើយ ដែលខ្លួនត្រូវបានផ្ដល់ឱកាស ឲ្យចេញទៅប្រកួតលើទឹកដីបារាំង ប៉ុន្ដែលើកនេះមានរយៈពេលវែងជាងមុន រហូតដល់ជិត ៣ខែឯណោះ។ តែយ៉ាងណាខ្លួនមិនទាន់ដឹងពីសមាសភាពគូប្រកួត និងឈ្មោះព្រឹត្តិការណ៍ត្រូវចូលរួមប្រកួតនោះទេ ប៉ុន្ដែ សោភ័ណ្ឌ បានអះអាងថា ខ្លួនបានត្រៀមខ្លួនហើយជាស្រេច ដើម្បីប្រកួតដណ្ដើមជ័យជម្នះជូនជាតិ។
កីឡាករកម្ពស់ទាបរូបនេះបានបញ្ជាក់ថា ខ្លួនមិនសូវមានការបារម្ភ ចំពោះដៃគូប្រកួតនោះទេ តែអ្វីដែលជាក្ដីបារម្ភ គឺបញ្ហាអាកាសធាតុ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យ សោភ័ណ្ឌ រីករាយខ្លាំង នឹងចូលរួមការប្រកួតលើទឹកដីបារាំង ដោយសារការគោរពស្រលាញ់ និងលើកទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះ។ ហេតុនេះ គេបានតាំងចិត្តយ៉ាងមុតមាំ នៅក្នុងការប្រកួតលក្ខណៈអន្ដរជាតិ នាពេលឆាប់ៗខាងមុខ។
គួបញ្ជាក់ថា កីឡាករលំដាប់កម្រិត A របស់កម្ពុជា រឿង សោភ័ណ្ឌ ត្រូវចេញដំណើរយប់នេះ ហើយត្រូវត្រឡប់មកមាតុភូមិវិញ នាថ្ងៃទី១៩ ខែមិថុនា។ ប៉ុន្ដែមុនចេញដំណើរ ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់កម្ពុជា ក៏បានរៀបចំពិធីជូនដំណើរ និងឧបត្ថម្ភថវិកាមួយចំនួនផងដែរ កាលពីពេលថ្មីៗកន្លងទៅ៕
No comments:
Post a Comment