អ្នកនេសាទមកពីប្រទេសវៀតណាមម្នាក់ បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីបដិសេធលុយជិត ៥០០ ដុល្លារ និងសុខចិត្តប្រលែងសត្វអណ្តើកដ៏កម្រមួយក្បាល ចូលក្នុងទឹកសមុទ្រវិញ។
អ្នកនេសាទ Nguyen Van Truong ចាប់បានសត្វអណ្តើកប្រភេទ Green Sea Turtle មួយក្បាល នៅក្នុងខេត្ត Ha Tinh កាលពីថ្ងៃពុធកន្លងទៅនេះ។ ក្រោយមក មានគេចង់ទិញអណ្តើកនោះដោយឲ្យតម្លៃ រហូតដល់ ១០ លានដុង (៤៣៩ ដុល្លារ)។ ការផ្តល់ឲ្យនេះពិតជាច្រើនសម្រាប់អ្នកនេសាទដូចជាលោក។ ទោះជាយ៉ាងណាក៏ដោយ លោក Truong បានបដិសេធមិនព្រមលក់ រួចក៏សម្រេចចិត្តប្រលែងសត្វអណ្តើកនោះចូលសមុទ្រវិញតែម្តង។
លោក Truong បាននិយាយថា «សត្វអណ្តើកប្រភេទនេះកំពុងប្រឈមការផុតពូជ ដូច្នេះខ្ញុំចង់ដោះលែងវាចូលសមុទ្រវិញ ដើម្បីជួយអភិរក្សសត្វ»។
គួរបញ្ជាក់ឲ្យដឹងថា សត្វអណ្តើកបៃតង Green Sea Turtle នេះ ត្រូវបានចុះបញ្ជីជាសត្វជិតផុតពូជ ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។ បើយោងតាមអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ WWF Global ក៏បានឲ្យដឹងដែរថា សត្វអណ្តើកប្រភេទនេះកំពុងមានចំនួនថយចុះ ដោយមានសត្វអណ្តើកបៃតងប្រហែល ១០០ ០០០ ក្បាលត្រូវបានសម្លាប់យកសាច់ជារៀងរាល់ឆ្នាំ៕
ចុចអាន៖
No comments:
Post a Comment