បន្ទាប់ពីកុមារាកម្ពុជា Kasidef Vasunan ទទួលបានឱកាសទៅហ្វឹកហាត់រយៈពេលមួយសប្តាហ៍នៅសាលាបាល់ទាត់ FC Barcelona និងមានបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនបានចេញផ្សាយអំពីដំណើរទៅហ្វឹកហាត់នេះ នាយកគម្រោងសាលាបាល់ទាត់ FCBarcelonaប្រចាំប្រទេសសិង្ហបុរីបានបញ្ជាក់ជុំវិញរឿងនេះ។
លោក Marc Reyes Custal នាយកគម្រោងរបស់សាលាបាល់ទាត់ FCBEscola Singapore ប្រចាំប្រទេសសិង្ហបុរីបានប្រាប់ Sabay តាមថា កុមារកម្ពុជា Kasidef Vasunan មិនមែនជាក្មេងស្ថិតនៅក្នុងជម្រើសទេពកោសល្យឡើយ ប៉ុន្តែជាក្មេងដែលត្រូវបានផ្តល់ឱកាសឲ្យទៅទទួលបានបទពិសោធនៅសាលាបាល់ទាត់របស់ក្លឹប FC Barcelona។
លោកបានពន្យល់ថា ៖«តាមពិតយើងផ្ដល់ឱកាសឲ្យទៅហាត់នៅសាលាបាល់ទាត់ FC Barcelona មួយសប្តាហ៍ដល់យុវជនម្នាក់ដែលបានចូលរួមកម្មវិធី FCBEscola Summer Camp 2017 ដែលបើកចំហឲ្យគ្រប់យុវជនដែលចង់ចូលរួម។ រយៈពេល១សប្តាហ៍នៅ Barcelona គ្រាន់តែជាការផ្តល់ឲ្យពួកគេទទួលបានបទពិសោធ ប៉ុន្តែបន្ទាប់ពីចប់ទៅ ពួកគេនឹងមិនមានការចូលរួមជាមួយកម្មវិធីណាមួយឡើយ ហើយក្លឹបក៏មិនតាមដានមើលពួកគេបន្តទៀតដែរ»។
យុវជន Kasidef Vasunan ជាកូនខ្មែរ-កាត់ថៃដែលបានរៀននៅសាលាមួយក្នុងរាជធានីភ្នំពេញ និងបានឱកាសចូលរួមកម្មវិធី FCBEscola Summer Camp 2017 ដែលរៀបចំឡើងដោយសាលាបាល់ទាត់មួយរបស់ក្លឹប Barcelona នៅប្រទេសសិង្ហបុរី។ បន្ទាប់មកយុវជនរបស់បឹងកេតនេះត្រូវបានជ្រើសរើសឲ្យទៅហាត់នៅសាលាបាល់ទាត់ Barcelona ក្នុងប្រទេសអេស្ប៉ាញរយៈពេលមួយសប្តាហ៍៕
អត្ថបទ៖ ជាន ចាន់រ៉ា
No comments:
Post a Comment