(ភ្នំពេញ)៖ ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី នឹងធ្វើការងារធ្ងន់ទៀតហើយ ដោយត្រូវបើកទ្វារផ្ទះទទួលក្រុមជើងខ្លាំង Ceres-Negros របស់ហ្វីលីពីន នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១១ ខែមេសាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយក៏ជាជំនួបសងសឹកផងដែរ ក្រោយបឹងកេតបរាជ័យក្រៅដី ៩-០ កាលពីជើងទី១ ក្នុងវគ្គជម្រុះពូល F នៃពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2018 កាលពីដើមឆ្នាំកន្លងទៅ។
លោក កែវ កុសល គ្រូបង្វឹកក្រុមបឹងកេត ធ្លាប់បានលើកឡើងថា ការបរាជ័យកាលពីជើងទី១ ដោយសារបឹងកេតមានបញ្ហាធ្វើដំណើរផ្លូវឆ្ងាយ កីឡាករសំខាន់ៗ ៣រូបអវត្តមាន និងការលេងមិនស្ដាប់គ្រូជាដើម។ ដូច្នេះចាំមើលការប្រកួតជើងទី២ ស្អែកនេះ បឹងកេតនឹងមានវិធីសាស្ដ្រអ្វី ដែលស្ដារមុខមាត់ឡើងវិញ បន្ទាប់ពីមិនអាចបំបែកពងមានក្រុម Ceres-Negros បានហើយ បែរជាត្រូវក្រុមម្ចាស់ផ្ទះហ្វីលីពីនមួយនេះ បំបាក់យ៉ាងចាស់ដៃ ៩-០ ទៀតនោះ។
ប៉ុន្ដែបើក្រឡេកមើលពិន្ទុជាបណ្ដោះអាសន្ន ក្រុមបឹងកេតហាក់គ្មានសង្ឃឹមក្នុងការប្រជែងកៅអីវគ្គបន្ដឡើយ ព្រោះបច្ចុប្បន្នក្រុមមានប្រភពពីខេត្តកំពង់ចាមមួយនេះ កំពុងឈរបាត់តារាងមាន ៣ពិន្ទុ ខណៈក្រុម Ceres-Negros កំពុងឈរកំពូលតារាងមាន ១០ពិន្ទុ។ រីឯការប្រកួតវិញ ក្រោយចប់ការប្រកួតស្អែកនេះ ក្រុមទាំងពីរសល់១ប្រកួតក្នុងដៃដូចគ្នា ក្នុងនោះក្រុមបឹងកេត ត្រូវជួបក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី២៥ ខែមេសាខាងមុខ៕
No comments:
Post a Comment