ការចាប់គូប្រកួតរបស់សង្វៀនប្រដាល់សេរីដ៏ល្បី២ប្រចាំប្រទេសថៃ Thai Fight និង Max Muay Thai មានលក្ខណៈខុសគ្នាស្ទើរទាំងស្រុងពោលគឺសង្វៀន Thai Fight តែងមានប្រៀបលើដៃគូឲ្យតារាប្រចាំសង្វៀនរបស់គេទទួលបានលទ្ធផលល្អ ខណៈ Max Mauy Thai មានលក្ខណៈប្រដំប្រសងគ្នារាល់ការចាប់គូម្តងៗ។
សង្វៀន Max Muay Thai ជារឿយៗត្រូវបានគេមើលឃើញថា ផ្តល់ឱកាសឲ្យកីឡាករកម្ពុជាទៅវ៉ៃញឹកញាប់ បើធៀបនឹងសង្វៀនផ្សេងៗរបស់ថៃ។ ជាពិសេសនោះការផ្គូផ្គងក៏ល្អប្រសើរសម្រាប់កីឡាករខ្មែរ និងកីឡាករមកពីប្រទេសផ្សេងៗដែលវ៉ៃជាមួយកីឡាករថៃ។ កីឡាករកម្ពុជាដូចជា ឃីម ឌីម៉ា, ឃីម បូរ៉ា, ធឿន ធារ៉ា, គួន ប៊ុនហ៊ីម, មឿន ដា, មឿន សុខហ៊ុច ជាដើមសុទ្ធតែធ្លាប់ទទួលបានលទ្ធផលល្អប្រសើរនៅសង្វៀន Max Mauy Thai នេះ។ នៅសង្វៀននេះ បើកីឡាករកម្ពុជាចាញ់ ក៏ចាញ់ដោយល្អមើល។
មិនត្រឹមតែប៉ុណ្ណោះ មឿន សុខហ៊ុច និង មឿន ដា ឈ្នះខ្សែក្រវាត់នៅទីនោះទៀត។ សូម្បីតែកីឡាករមកពីប្រទេសផ្សេងៗក៏ត្រូវបានផ្គូផ្គងប្រហាក់ប្រហែលគ្នាដែរពេលប៉ះកីឡាករថៃ។ កត្តានេះត្រូវបានគេមើលឃើញថា ជាការផ្គូផ្គងប្រកបដោយយុត្តិធម៌ និងមិនបំបាក់ដៃគូឡើយ។
កីឡាករម្នាក់ដែលបានទៅវ៉ៃនៅ Max Mauy Thai បានប្រាប់ថា ខាងភាគីថៃទាក់ទងមកសហព័ន្ធកីឡាប្រដាល់កម្ពុជាដើម្បីជ្រើសរើសកីឡាករខ្មែរតាមប្រភេទទម្ងន់ដែលគេចង់បាន។ សហព័ន្ធកីឡាប្រដាល់កម្ពុជាក៏បញ្ជូនឈ្មោះកីឡាករកម្ពុជាទៅឲ្យគេដោយមានបទពិសោធប្រកួតជាមួយផង។ បន្ទាប់មក Max Mauy Thai មើលវីដេអូតាម Youtube ហើយក៏សម្រេចជ្រើសរើសកីឡាករថៃដាក់ឲ្យស័ក្ដិសមគ្នា។
ចំណែកកម្មវិធី Thai Fight ត្រូវបានគេមើលឃើញថា គេងចំណេញក្នុងការផ្គូផ្គងលើគូប្រកួតទាំងកីឡាករពីខ្មែរ និងកីឡាករបរទេសផ្សេងៗ។ ជាក់ស្តែង ការផ្គូផ្គងកីឡាករកម្ពុជា ផាន់ គ្រាន់ និងឡុង សុវណ្ណឌឿនទល់នឹងតារាប្រចាំសង្វៀនរបស់គេគឺជាការផ្គូផ្គងខុសសមត្ថភាពគ្នាឆ្ងាយ។ សូម្បីកីឡាករកម្ពុជាផ្សេងៗទៀតដែលទៅវ៉ៃកម្មវិធីនេះក៏ចាញ់ប្រៀបគេដែរ។ ប្រការនេះប្រៀបដូចជាផ្គូផ្គងដើម្បីបំបាក់ដៃគូប្រកួតតែម្តង។
ចំណែកអ្នកដឹងរឿងច្រើនពាក់ព័ន្ធនឹងកម្មវិធី Thai Fight និយាយដោយមិនបញ្ចេញឈ្មោះថា ភាគី Thai Fight ភាគច្រើនមិនឆ្លងកាតសហព័ន្ធកីឡាប្រដាល់គុនខ្មែរឡើយ។ ពួកគេមានបណ្តាញទំនាក់ទំនងជាមួយនរណាម្នាក់នៅកម្ពុជាដើម្បីជ្រើសរើសយកកីឡាករខ្មែរទៅវ៉ៃតែម្តង។ ដើម្បីចេញទៅវ៉ៃបាន កីឡាករខ្មែរ និងគ្រូបង្ហាត់បានត្រឹមតែជម្រាបទៅសហព័ន្ធកីឡាប្រដាល់គុនខ្មែរតែប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់ថា តាមគោលការណ៍គឺត្រូវតែមានការស្នើសុំពីភាគីក្រៅប្រទេសដើម្បីជ្រើសរើសកីឡាកររៀបចំការប្រកួត។ ជម្រើសមួយទៀត ខាងភាគីក្រៅប្រទេសស្គាល់កីឡាករណាម្នាក់ហើយចង់បានទៅវ៉ៃរបស់កម្មវិធីគេគឺត្រូវស្នើសុំមកសហព័ន្ធដើម្បីយកទៅ។
ឯកឧត្តមបន្តថា ការស្នើសុំគូប្រកួតនេះត្រូវប្រើពេលយូរដើម្បីពិន័យមើលពីសមត្ថភាពដៃគូទាំងសងខាង និងហ្វឹកហាត់ត្រៀមខ្លួនឲ្យបានដិតដល់ទាំងសងខាងទើបឈានដល់ថ្ងៃប្រកួត។ ជាពិសេសត្រូវមានលិខិតអនុញ្ញាតត្រឹមត្រូវចេញពីក្រសួងអប់រំ យុវជន និងកីឡា។ Max Mauy Thai បានស្នើសុំមកសហព័ន្ធត្រឹមត្រូវដើម្បីជ្រើសរើសគូប្រកួតដោយមានគណៈប្រតិភូរបស់កម្ពុជាដឹកនាំទៅចូលរួមប្រកួត ដូចដែលកម្ពុជាកំពុងធ្វើរាល់សប្តាហ៍ដែរគឺមានគណៈប្រតិភូថៃដឹកនាំកីឡាករថៃមកចូលរួមប្រកួតនៅសង្វៀនកម្ពុជាត្រឹមត្រូវ។
ទោះបីជាយ៉ាងណា ឯកឧត្តមបានលើកឡើងថា កីឡាករមួយចំនួនដែលចេញទៅវ៉ៃក្រៅប្រទេសភ្លាមៗគឺមិនសមស្របតាមគោលការណ៍ឡើយ។ កីឡាករ និងគ្រូបង្ហាត់ខ្លះបានត្រឹមតែប្រាប់សហព័ន្ធសុំចេញទៅវ៉ៃនៅក្រៅប្រទេសប៉ុណ្ណោះ និងមិនមានឯកសារជាក់លាក់ឡើយ។ ប្រការនេះពិតជាធ្វើឲ្យមានការលំបាកខ្លាំងសម្រាប់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីដោះស្រាយជាមួយក្លឹប កីឡាករ និងជាមួយសាធារណៈជនផង៕
វីដេអូ ឃីម ឌីម៉ា ផ្តួលកីឡាករថៃនៅសង្វៀន Max Mauy Thai
ធឿន ធារ៉ា ផ្តួលកីឡាករថៃនៅ Max Mauy Thai
ផល សោភ័ណ្ឌ វ៉ៃនៅ Thai Fight
ឡុង សុវណ្ណឌឿន វ៉ៃនៅ Thai Fight
អត្ថបទ៖ ជាន ចាន់រ៉ា
No comments:
Post a Comment