ដើម្បីនិពន្ធបទចម្រៀងសម្រាប់បុណ្យភូមិ ឆ្នាំ ២០១៨ នេះ សិល្បករ តន្រ្តីករវ័យក្មេង ម៉ម ពេជ្ជរិទ្ធ ធ្វើដំណើរដល់ទៅ១១ខេត្ត ដើម្បីស្វែងរកអារម្មណ៍ និងស្រាវជ្រាវរកទំនុកបទចម្រៀងថ្មី ភ្លេងថ្មីសម្រាប់បុណ្យភូមិ។
ពេជ្ជរិទ្ធ បានប្រាប់ឱ្យដឹងថា រូបគេធ្វើដំណើរតាមកូនឡានតូចមួយជាមួយមិត្តភ័ក្ត៣នាក់ ចេញពីភ្នំពេញ ធ្វើដំណើរដើរលេងក្រោយរសាយពីការងាររវល់ខ្លាំងក្នុងពាក់កណ្តាលខែ កុម្ភៈ ឆ្នាំ ២០១៨ នេះ។ ដំបូងឡើយ ពេជ្ជរិទ្ធ គិតថា ការធ្វើដំណើរនេះ គឺដើម្បីកាត់បន្ថយភាពតានតឹង និងលំហែរអារម្មណ៍ តែដោយសារបុណ្យភូមិហាក់នៅកៀកនឹងមកដល់ រូបគេក៏ប្រមូលយកសម្ភារៈភ្លេងមកជាមួយ ហើយធ្វើដំណើរត្រាច់ចរតាមស្រុកភូមិ ក៏រកឃើញនូវទំនុកចម្រៀងថ្មី តាមរូបភាពដែលខ្លួនបានទស្សនាក្នុងពេលធ្វើដំណើរកម្សាន្ត។
ក្នុងពេលធ្វើដំណើរ ពេជ្ជរិទ្ធ និងមិត្តភ័ក្ត មិនបើកបរតាមផ្លូវធំ រកសណ្ឋាគារ ឬរមណីយដ្ឋានទេ ក្រុមនេះធ្វើការផ្សងព្រេងតាមផ្លូវលំ ចុះពីភូមិកាត់ឃុំមួយរហូតស្រុកមួយ ចុះដល់១១ខេត្ត ក្នុងរយៈពេលជិត១០ថ្ងៃ។ ពួកគាត់ទៅដល់កន្លែងណាដែលមានទេសភាពស្អាត សុវត្ថិភាពក៏ឈប់ ហើយរៀបភ្លេងលេង រួចក៏សរសេរទំនុក ឬក៏ដើរលេងមើលធម្មជាតិដោយមិនបង្ខំខ្លួនឱ្យលំបាកនោះឡើយ។
ពេជ្ជរិទ្ធ ប្រាប់ថា ការដែលធ្វើបែបនេះ គឺជាទម្លាប់ទៅហើយសម្រាប់ខ្លួន ដើម្បីរកបទចម្រៀងថ្មី។ «យើងមិនត្រូវស្មុគស្មាញច្រើនពេកនោះទេ គឺបណ្តាយតាមធម្មជាតិ និងលំហែរទៅ ពិសេសការធ្វើដំណើរបែបនេះធ្វើឱ្យឃើញមានគំនិតថ្មីៗ និងបានឃើញពីការរស់នៅរបស់ប្រជាជនខ្មែរយើងនៅតាមខេត្ត ដែលយើងមិនធ្លាប់បានឃើញផ្ទាល់ភ្នែក»។
ដូចដែរព័ត៌មានបានចុះផ្សាយ ឆ្នាំនេះបុណ្យភូមិពិតជានាំមកនូវចម្រៀងថ្មីរហូតដល់ទៅ ៦បទ ៦រសជាតិ ដែលជាការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់ក្រុម Small World Small Band មែន។ ខណៈបុណ្យភូមិកាន់តែខិតចូលមកជិត ក្រុមផលិតតូចបេះដូងធំនេះក៏កំពុងញាប់ដៃញាប់ជើងខ្លាំងមែនក្នុងការផលិតបទចម្រៀងថ្មីៗទាំងនេះ។
តែក៏មិនសន្យាថានឹងបំពេញឱ្យគ្រប់ដែរ ព្រោះពេលវេលាខើចមែនទែន ទាំង ពេជ្ជរិទ្ធ និងសមាជិកក្រុម កំពុងតែព្យាយាមធ្វើអ្វីដែលខ្លួនស្រលាញ់ គឺបទចម្រៀងនឹងធ្វើអ្វីដែលអាចធ្វើទៅបាន ហើយក៏សង្ឃឹមថានឹងទទួលបានការលើកទឹកចិត្តពីប្រិយមិត្តដែលគាំទ្រក្រុមតូច ពេជ្ជរិទ្ធ បញ្ចប់៕
អត្ថបទ៖ Sunny
No comments:
Post a Comment