ភ្នំពេញ: ថ្មីៗនេះភាពរំជើបរំជួលលាយនឹងការសោកស្តាយរបស់មហាជនខ្មែរ ដែលនិយមគាំទ្រវិស្ស័យសិល្បៈកំប្លែង ខណៈមានការផ្សព្វផ្សាយបង្ហាញពីសម្ដី នាយ គ្រឿន ដែលជាអ្នកកំប្លែងក្នុងក្រុមនាយ ពែកមី ក្រោមការគ្រប់គ្រងរបស់ផលិតករកម្មវិធីកម្សាន្តលោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ ពោលថា ក្រុមកំប្លែងរបស់លោកអាចនឹងត្រូវរំសាយនោះ។
តបនឹងប្រតិកម្មមហាជនពីសម្ដីនាយ គ្រឿន ពោលពីការបិទក្រុមកំប្លែងនេះ លោកតា វ៉ិចទ័រកាលពីរសៀលថ្ងៃទី ២០ មីនា សារភាពថា មិនទាន់បានពិនិត្យសម្ដី នាយ គ្រឿននិយាយទេ តែលោកថា៖ «តួនាទីនិយាយពាក្យបែបនេះមានតែខ្ញុំទេដែលអាចនិយាយបាន»។
បង្ហាញពីការព្រួយបារម្ភលើសិល្បៈជំនាញខ្លួន កំពុងទាញបានប្រជាប្រិយភាពពីអ្នកគាំទ្រនោះ តារាកំប្លែង នាយ គ្រឿន បាននិយាយប្រាប់សារព័ត៌មានថា៖ «ប្រសិនបើគ្មានវិធានការ នោះទេ ក្រុមកំប្លែងទាំងមូលអាចនឹងលែងទទួលការគាំទ្រពីទស្សនិកជន»។
ក្នុងនោះនាយ គ្រឿន បានបង្ហាញការវាយតម្លៃទៀតថា បើធៀបនឹងភាពល្បីនាពេលកន្លងទៅ ពេលបច្ចុប្បន្នក្រុមកំប្លែងស៊ីធីអិនរបស់លោក បានធ្លាក់ចុះប្រជាប្រិយភាពប្រមាណ ៣០ ភាគរយ។
ក្រៅតែពីការធ្លាក់ចុះការកំប្លែងលើកញ្ចក់ទូរទស្សន៍ សូម្បីតែឱកាសចេញទៅសម្ដែងខាងក្រៅ ក៏ធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។
ដោយសារមើលឃើញពីបញ្ហាធ្លាក់ចុះខ្លាំងដូច្នេះហើយទើបនាយ គ្រឿន និងក្រុមកំប្លែងទាំងមូល កំពុងជួបជុំគ្នារិះរកគំនិតថ្មីៗ ប្លែកៗថែមទៀត ដើម្បីជួយទាញប្រជាប្រិយភាពត្រឡប់មកវិញ។
តារាកំប្លែងរូបនេះ ជឿជាក់ថា ប្រសិនបើក្រុមកំប្លែងទាំងអស់នាំគ្នាយកចិត្តទុកដាក់ស្វែងរកគំនិតថ្មីៗមកបញ្ចូលគ្នាឲ្យបានច្រើន នោះអ្វីៗនឹងអាចត្រឡប់មកដូចដើម។
នាយបានមើលឃើញបែបនេះ ព្រោះតែសមាជិកក្នុងក្រុមកំប្លែងម្នាក់ៗ ហាក់មិនសូវយកចិត្តទុកដាក់ លើការកំប្លែងច្រើនដូចមុនទេ ពោលគឺខិតខំតែការងារក្រៅរៀងៗខ្លួន ដែលជាហេតុធ្វើឲ្យប៉ះពាល់ក្រុមទាំងមូល។
តបនឹងការបង្ហាញពីការព្រួយបារម្ភរបស់កូនក្រុម ដែលមិនបានឆ្លងយោលបល់ពីមេកើយនោះ ផលិតករកម្មវិធីកម្សាន្ត លោកតា វ៉ិចទ័រ កាលពីថ្ងៃទី ២០ ខែមីនា នៅតែអះអាងថា លោកនៅមិនទាន់បានដឹងពីព័ត៌មានលម្អិត ដែលនាយ គ្រឿន និយាយ ហើយកំពុងត្រូវបានចែកចាយផ្សព្វផ្សាយនោះទេ។
យ៉ាងណាមិញ លោកក៏ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំរវល់ការងារមិនទាន់បានអានអត្ថបទនោះសោះ ថាន័យនេះ នាយ គ្រឿន គាត់ចង់បង្ហាញពីអ្វីឲ្យច្បាស់លាស់ តែបើជាការបារម្ភរបស់គាត់មែន នោះក៏ជារឿងល្អដែរ ដែលគាត់ចេះបារម្ភ»។
បន្ថែមពីនោះផលិតករកម្មវិធីកម្សាន្តរូបនេះបានលើកឡើងថា៖ «តាមដែលខ្ញុំមើលការងារក្រុមកំប្លែងសព្វថ្ងៃនៅដំណើរការល្អ ទាំងពួកគាត់ម្នាក់ៗក្រៅពីកំប្លែងក្នុងស្ថានីយទូរទស្សន៍ ពួកគាត់ក៏មានការងារច្រើន ជាពិសេសគឺការងារថតភាពយន្ត ហើយការងារនេះក៏អាចបង្ហាញថា ប្រជាប្រិយភាពពីក្រុមកំប្លែងមានការកើនឡើងដែរ»។
លោកតា វ៉ិចទ័រ ក៏បានបញ្ជាក់ក្នុងសារខ្លីមកវិញទៀតថា៖ «តែយ៉ាងណា ការនិយាយរបស់នាយ គ្រឿន នោះវាខុស ទាំងការងារនេះខ្ញុំជាមេគេជាអ្នកនិយាយបង្ហាញការវាយតម្លៃបែបនេះថា ក្រុមធ្លាក់ប្រជាប្រិយភាពថា ឡើងឬចុះ»។
យ៉ាងណា លោកបានលើកឡើងដែរថា៖ «ប៉ុន្តែគាត់ក៏អាចជាគំនិតល្អវិញដែរ ដែល នាយ គ្រឿន គាត់បង្ហាញពីអារម្មណ៍ស្មោះ បង្ហាញពីការព្រួយបារម្ភសម្រាប់ក្រុមទាំងមូល ហើយរឿងនេះយើងនឹងពិនិត្យឡើងវិញដែរថា យ៉ាងម៉េចតទៅទៀត?»៕
ប្រភព:PK
No comments:
Post a Comment