(ភ្នំពេញ)៖ ក្រោយបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុមខ្លាំងហ្វីលីពីន Ceres Negros ៩-០ សម្រាប់ប្រកួតបើកឆាកពូល F នៃវគ្គជម្រុះពានរង្វាន់ AFC Cup 2018 កាលពីពេលថ្មីៗនោះ គ្រូបង្វឹកក្រុមបឹងកេតអែហ្វស៊ី លោក កែវ កុសល បានយកការបរាជ័យនេះ គឺជាបទពិសោធន៍ និងជាការដាស់តឿនកូនក្រុម រួមទាំងមន្ដ្រីបច្ចេកទេស ត្រូវធ្វើឲ្យបានល្អបំផុតក្នុងការប្រកួតបន្ទាប់ ពិសេសគឺការបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមមកពីមីយ៉ាន់ម៉ា Shan United នាម៉ោង ៦៖៣០នាទីល្ងាចនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនឈានដល់ការប្រកួតផ្លូវការ លោក កែវ កុសល បាននិយាយថា «ការចាញ់ Ceres Negros មូលហេតុ គឺមានកត្ដាច្រើន។ វាមិនមែនជាលេសទេ តែអ្វីដែលយើងមើលឃើញជាក់ស្ដែង ទី១-គឺការធ្វើដំណើរ ហើយពេលលេង បាត់កីឡាករ ៣នាក់ ដែលសុទ្ធតែជាជម្រើសដំបូង៣នាក់។ មួយវិញទៀត គឺមានបញ្ហាភ្លៀងធ្លាក់ជាដើម។ តែសំខាន់ ក៏មានកំហុសខាងគ្រូដែរ ដែលពេលយើងចាញ់គេ ២ ទៅ ៣គ្រាប់ហើយ យើងគួរប្ដូរលេងខ្សែការពារ ៥នាក់ តែជាក់ស្ដែងយើងនៅព្យាយាមលេង៤នាក់។ ចឹងវាគឺជាបទពិសោធន៍ សម្រាប់គ្រូររបស់យើងដែរ សម្រាប់ការប្រកួតបន្ទាប់»។
សូមបញ្ជាក់ថា ល្ងាចនេះ គឺជាការប្រកួតទី២ ដូចគ្នា រវាងក្រុមបឹងកេត និងក្រុម Shan United ហើយក្រុមទាំងពីរ ក៏ត្រូវការឈ្នះរៀងៗខ្លួនផងដែរ ដើម្បីស្វែងរក ៣ពិន្ទុដំបូង ក្រោយបរាជ័យក្នុការប្រកួតដំបូងដូចគ្នា ក្នុងនោះក្រុម Shan United គឺបានចាញ់ក្រុម Home United របស់សិង្ហបុរី ដោយលទ្ធផល ១-០។ ការប្រកួតដ៏សំខាន់ល្ងាចនេះដែរ ក៏មានការផ្សាយផ្ទាល់ដោយក្រុមការងារទូរទស្សន៍ BTV-News ផងដែរ៕
ក្រុម Shan United
No comments:
Post a Comment