លោក ឡេង ណាវ៉ាត់ត្រា អតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ និងជាតារាចម្រៀងហើយទើបតែទទួលងារឧកញ៉ាវ័យក្មេង បានបង្ហើបឲ្យដឹងថា ខ្លួនទើបតែចុះកុងត្រាជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។ ខ្លឹមសារនៃកិច្ចសន្យានោះ លោកថា ចាប់ពីពេលនេះទៅមានតែលោកមួយគត់ ដែលមានសិទ្ធិផ្ដាច់មុខក្នុងការនាំតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសម្នាក់នេះ ទៅច្រៀងនៅប្រទេសកូរ៉េ។
តាមការបញ្ជាក់ពី ឧកញ៉ា ឡេង ណាវ៉ាត់ត្រា កុងត្រាខាងលើបានធ្វើថ្ងៃទី២០ កុម្ភៈ ឆ្នាំ ២០១៨នេះ នៅឯស្នាក់ការ សមាគមសិល្បករខ្មែរ។ មូលហេតុដែលនាំឲ្យលោកសម្រេចចិត្តជ្រើសរើសលោក ព្រាប សុវត្ថិ ក៏ព្រោះតែ មានពលករខ្មែរជាច្រើន បានសំណូមពរចង់ឲ្យតារាចម្រៀងរូបនេះទៅច្រៀងនៅទីនោះ ត្បិតអីកន្លងមក លោក ព្រាប សុវត្ថិ មិនធ្លាប់ទៅច្រៀងនៅប្រទេសកូរ៉េម្ដងណាឡើយ។ "កុងត្រាហ្នឹង មិនមែន១ឆ្នាំឬ២ឆ្នាំទេ គឺកុងត្រារហូត ហើយផ្ដាច់មុខតែម្ដង មានន័យថា រឿងទៅច្រៀងនៅកូរ៉េ មានតែខាងខ្ញុំម្នាក់គត់ ដែលអាចយកលោក ព្រាប សុវត្ថិទៅច្រៀងបាន" លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លើកឡើង។
លោកឧកញ៉ាវ័យក្មេងមានកំណើតមកពីខេត្ត ព្រៃវែងរូបនេះ មិនបានប្រាប់ពីតម្លៃខ្លួនដែលលោក ព្រាប សុវត្ថិ ត្រូវទទួលពីក្រុមហ៊ុនរបស់លោកឡើយ ត្បិតអីកំពូលតារាចម្រៀងរូបនេះស្នើមិនឲ្យបញ្ចេញ ប៉ុន្តែលោកបានប្រាប់ថា ក្នុងកុងត្រានោះពេលចេញទៅច្រៀងនៅប្រទេសកូរ៉េ ម្ដងៗ លោក ព្រាប សុវត្ថិ អាចយកក្រុមរាំ និង ក្រុមការងារផ្សេងទៀតបាន១៥នាក់។ "បងគិតមើលទៅម្ដងៗគ្នាគាត់ មិនតិចជាង១៥នាក់ទេ គិតតែសំបុត្រយន្តហោះទៅមក ថ្លៃស៊ីចុក ស្នាក់នៅ មិនក្រោម២ម៉ឺនដុល្លារជាងទេ សម្រាប់តែក្រុមគាត់" ណាវ៉ាត់ត្រា បន្ថែមឲ្យដឹង។
តាមគម្រោង លោក ព្រាប សុវត្ថិ គ្រោងនឹងចេញទៅច្រៀងនៅប្រទេសកូរ៉េក្នុងអំឡុងខែ ឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ ចំពោះតារាចម្រៀងផ្សេងទៀត ដែលនឹងត្រូវចេញទៅច្រៀងជាមួយនោះ នៅមិនទាន់ដឹងនៅឡើយទេ ព្រោះពេលវេលា មិនទាន់រៀបចំឈ្មោះនៅឡើយ។
កាលពីប៉ុន្មានថ្ងៃមុននេះ លោក ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀងល្បីជាច្រើននាក់ទៅប្រគំតន្ត្រីនៅ ប្រទេសកូរ៉េម្ដងរួចមកហើយ ក្នុងនោះមានដូចជា លោក ខេមរៈ សិរីមន្ត លោក ខេម អ្នកនាង មាស សុខសោភា កញ្ញា យូរី លោក ប៉ែន ចំរ៉ុង លោក គុយ លី លោក vj អាឡាស្កូ និង អ្នកនាង ចន ច័ន្ទលក្ខិណា ជាដើម ដោយការចំណាយនៃការប្រគំតន្ត្រីនេះ ចាយប្រាក់រហូតដល់ទៅជាង១០ម៉ឺនដុល្លារឯណោះ។ លោកថា គម្រោងយកតារាចម្រៀង ព្រាប សុវត្ថិ អាចចាយច្រើនជាងនេះទៀតឯណោះ ហើយគោលបំណងនៃការរៀបចំនោះ គឺមិនខុសពីកាលទៅលើកទី១ឡើយ ដើម្បីផ្សព្វផ្សាយជំនួញដី និងផ្ទះរបស់លោក និង មួយចំណែកទៀត ក៏គម្រោងធ្វើការសប្បុរសធម៌៕
អត្ថបទៈ ស៊ុនហួត
No comments:
Post a Comment