កន្លងមកប្រិយមិត្តមួយចំនួន បានដឹងខ្លះៗពីជីវិត របស់លោកបណ្ឌិត ឆាយ ហុកផេង ដែលបច្ចុប្បន្នជាប្រធានតុលាការព្រហ្មទណ្ឌបារាំង។ ដោយឡែកនៅថ្ងៃនេះ Sabay សូមដកស្រង់តែពីជីវិតសិក្សារបស់លោកនៅប្រទេសបារាំង មុនឈានដល់កាន់មុខតំណែងដ៏កំពូលនេះ។
លោកបណ្ឌិត ឆាយ ហុកផេង កើតនៅឆ្នាំ១៩៥២ នៅក្នុងខេត្តកណ្ដាល។ លោកបានបញ្ចប់បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ១៩៧៤។ ក្នុងសម័យកាលដែលប្រទេសកម្ពុជា កំពុងស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោកបណ្ឌិតបានបន្តការសិក្សានៅប្រទេសបារាំង ថ្នាក់អនុបណ្ឌិតច្បាប់អន្តរជាតិ ហើយក៏ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងឆ្នាំ១៩៧៦។ នៅប្រទេសបារាំងដដែល លោកបណ្ឌិត ឆាយ ហុកផេង ក៏បានបញ្ចប់ការសិក្សាបណ្ឌិតច្បាប់ថ្នាក់រដ្ឋ ពីសាកលវិទ្យាល័យ ស៊របោន (SORBONNE) ក្រុងប៉ារីស ក្នុងឆ្នាំ១៩៨០។
និយាយពីជីវិតការងារវិញ លោកធ្លាប់បម្រើការងារក្នុងអគ្គនាយកដ្ឋានផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសង្គម នៅប្រទេសបារាំងដោយគ្រប់គ្រងលើបុគ្គលិកចំនួន ៥២០ នាក់ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩០។ បន្ទាប់មកពីឆ្នាំ១៩៩០ ដល់ ឆ្នាំ១៩៩៣ លោកបានបម្រើការងារជាអធិការត្រួតពិនិត្យនៅក្រសួងហិរញ្ញវត្ថុបារាំង។
ក្រោយមកទៀតកូនខ្មែរមានសមត្ថភាពមិនធម្មតារូបនេះ បានចូលសិក្សានៅសាលាជាតិចៅក្រមបារាំង។ ជាឱកាសដ៏ល្អ លោកបានវិវត្តន៍ខ្លួន ជាចៅក្រមស៊ើបអង្កេត ពីឆ្នាំ១៩៩៦ ដល់ ឆ្នាំ១៩៩៨។ ពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០០៥ លោកបណ្ឌិតក៏ក្លាយជាប្រធានតុលាការព្រហ្មទណ្ឌ(៥០%) និងជាចៅក្រមផ្នែករដ្ឋប្បវេណីផ្សេងៗផង ដូចជាក្នុងវិស័យ៖ សំណងជំងឺចិត្តដល់ជនរងគ្រោះ - សហគ្រាស និងក្រុមហ៊ុនក្ស័យធន - ធានារ៉ាប់រង- សាងសង់អាគារ - កិច្ចសន្យាខ្ចីប្រាក់ - សិទ្ធិជនបរទេស។ ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ន ជាប្រធានតុលាការព្រហ្មទណ្ឌបារាំង (១០០%)។
ចាប់ពីឆ្នាំ១៩៩៦ ដល់បច្ចុប្បន្ន សកម្មភាពក្រៅពីការកាត់ក្ដី គឺនៅពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងតំណាងរាស្ត្រ តំណាងស្រុក ជាអាទិ៍ លោកបណ្ឌិតគឺជាប្រធានគណៈកម្មការត្រួតពិនិត្យ និងជាតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ចុះសង្កេតការណ៍តាមការិយាល័យបោះឆ្នោត ឃុំ-ស្រុក។
ទាក់ទងនឹងផ្នែកគរុកោសល្យ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩១ លោកបណ្ឌិត ឆាយ ហុកផេង គឺជាគ្រូបង្ហាត់បង្ហាញ វិធីសាស្ត្រប្រើប្រាស់ហិរញ្ញវត្ថុ ឃុំ-ស្រុក និងពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៦ នីតិវិធីព្រហ្មទណ្ឌ និងច្បាប់ព្រហ្មទណ្ឌ ដល់បេក្ខជនប្រឡងចូលសាលាជាតិចៅក្រមនិងសាលាក្រឡាបញ្ជីនៅប្រទេសបារាំង៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
No comments:
Post a Comment