វ៉ុលសម្រាប់រដូវចូលឆ្នាំ របស់តារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងផលិតកម្មរស្មីហង្សមាស បានចេញថតបណ្ដើរៗហើយ។ បទចម្រៀង១បទក្នុងចំណោមបទចម្រៀងជាច្រើនបទ ត្រូវបានក្រុមអ្នកគាំទ្ររបស់លោកហៅថា Fans ទៅចូលរួមជួយថតឲ្យ មិនគិតប្រាក់សូម្បីតែ១រៀល។ នេះបើតាមការបង្ហើបឲ្យដឹងពី លោក ឆន សំណាង ដែលជា Fans ម្នាក់របស់តារាចម្រៀងរូបនេះ ដែលបានទៅចូលរួមថតជាមួយ។
ការថត MV បទចម្រៀងខាងលើបានធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅនៅឯតំបន់ភ្នំបាសិត ប៉ុន្តែចំណងជើងនៃបទចម្រៀង មិនត្រូវបានទម្លាយឲ្យដឹងឡើយ គ្រាន់តែដឹងថា បទចម្រៀងនោះ ជាប្រភេទបទកន្ទ្រឹម មានលាយភ្លេងឆៃយ៉ាំជាដើម។
Fans ផ្កាប់មុខរបស់តារាចម្រៀងល្បីឈ្មោះខាងលើ បានបន្តឲ្យដឹងទៀតថា ក្រុមរបស់ខ្លួនបានចុះទៅជួយថតនោះមានគ្នាទាំងអស់ជាង១០នាក់ ហើយពួកគេគឺសុទ្ធតែជា Fans ដែលមានភាពស្និទ្ធស្នាលបំផុតជាមួយ លោក ខេមរៈ សិរីមន្ត។
ទោះបីជាការថតរបស់ពួកគេមិនបានគិតតម្លៃខ្លួន ហើយមានទីតាំងឆ្ងាយពីក្រុងក៏ពិតមែន ប៉ុន្តែក្នុងនាមជាអ្នកគាំទ្រ មិនបានអាក់អន់ស្រពន់ចិត្តអ្វីឡើយ ផ្ទុយទៅវិញពួកគេបែរជាគិតថា នៅពេលដែលបានថតជាមួយកំពូលតារាចម្រៀងក្នុងដួងចិត្តរបស់ខ្លួនបែបនេះ គឺពិតជាសប្បាយចិត្ត និងមានកិត្តិយសបំផុត ត្បិតអីកន្លងមក Idol របស់ខ្លួនមិនងាយនឹងយក Fans មកថតជាមួយឡើយ។
តាមការបង្ហើបពី Fans រូបនេះ លោក ខេមរៈ សិរីមន្ត អាចមានបទចម្រៀង៥ទៅ៦បទ ក្នុងរដូវចូលឆ្នាំថ្មីនេះ បច្ចុប្បន្នក្រុមការងារក្នុងផលិតកម្មកំពុងតែសម្រុកថតខ្លាំងណាស់ ដើម្បីចេញឲ្យទាន់នៅរដូវចូលឆ្នាំខ្មែរខាងមុខនេះ៕
អត្ថបទៈ ស៊ុនហួត
No comments:
Post a Comment