ពាក្យចាស់តែងនិយាយថាលឺមួយរយដងមិនស្មើនឹងឃើញផ្ទាល់ភ្នែកម្តង ដូច្នេះខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំក៏សម្រេចចិត្តទៅលេងកោះឆាងនៅឯប្រទេសថៃ។ ក្នុងការធ្វើដំណើរ ពួកខ្ញុំបានចំណាយអស់រយៈពេលជិត១០ម៉ោងដោយធ្វើដំណើរតាមខេត្តកោះកុងដើម្បីឆ្លងដែនទៅប្រទេសថៃ រួចហើយត្រូវជិះពីទល់ដែនទៅកាន់ខេត្តត្រាងដើម្បីឆ្លងសាឡាងទៅកោះឆាង។ មិត្តអ្នកអានប្រហែលយល់អារម្មណ៍នេះហើយមែនទេ? ខ្ញុំគេងចង់៣ ៤ដងហើយទម្រាំទៅដល់។
អ្នកទាំងអស់គ្នាដឹងហើយថាផ្លូវឡើងភ្នំបូកគោពិបាកឡើងហើយបត់ចុះបត់ឡើងទៀតមែនទេ? ប៉ុន្តែផ្លូវនៅកោះឆាងវិញសាហាវជាងផ្លូវឡើងភ្នំបូកគោទៀត ទោះបីជាផ្លូវភ្នំដូចគ្នាមែនប៉ុន្តែនៅទីនោះជារាងអក្សរ S ហើយឡើងចុះៗស្ទើរតែមើលមិនឃើញអ្នកនៅម្ខាងទៀត។ នៅតាមសងខាងដងផ្លូវមានសុទ្ធតែព្រៃឈើ។ សម្រាប់អ្នកដែលចូលចិត្ត adventure ប្រាកដជាត្រូវចិត្តណាស់ហើយព្រោះមិនមែនមានតែសមុទ្រនោះទេ។
ល្មមបានទៅដល់គោលដៅម៉ោងប្រហែល២ជិត៣ព្រោះខ្ញុំបានចេញដំណើរតាំងពីទៀបភ្លឺម្ល៉េះ។ បន្ទាប់ពីយកឥវ៉ាន់ទៅទុកនៅសណ្ឋាគារហើយពួកខ្ញុំក៏បានទៅផ្សារបន្តដំណើរទៅកំពង់ផែ Bang Bao ព្រោះលឺថាទេសភាពនៅទីនោះស្អាត ហើយដើម្បីទៅដល់កំពង់ផែយើងត្រូវដើរឆ្លងកាត់ផ្សារ។
ពួកខ្ញុំក៏បានញុំាបាយថ្ងៃត្រង់នៅទីនោះ ទើបបន្តដំណើរទៅកាន់កំពង់ផែទៀត។
មឹកអាំងកោះឆាងមើលទៅមិនខុសគ្នាពីប្រទេសយើងទេ ប៉ុន្តែរសជាតិទឹកជ្រលក់ខុសពីរបស់យើង។ ដូចដែលអ្នកបានដឹងស្រាប់ហើយថាប្រទេសថៃចូលចិត្តហិលគឺហិលទាល់តែមែនទែនហ្មង ប៉ុន្តែឆ្ងាញ់។
នំគ្រួកថៃរសជាតិខុសពីខ្មែរយើងខ្លាំងណាស់ដោយនំគ្រួកថៃមានរសជាតិផ្អែមលមៗហើយមិនមានទឹកជ្រលក់ដូចយើងនោះឡើយ ជាពិសេសគឺឆ្ងុយដូងទៀតផង។ ប្រសិនបើអ្នកទាំងអស់គ្នាបានទៅកុំភ្លេចភ្លក់ឲ្យសក់ណា!
ទីបំផុតខ្ញុំក៏បានមកដល់គោលដៅ។ គ្រាន់តែទៅដល់មានអារម្មណ៍ថាស្រឡះខ្លួនណាស់ ដកដង្ហើមស្រូបយកខ្យល់អាកាសបរិសុទ្ធពិតជាស្រួលខ្លួនណាស់ ទុក្ខកង្វល់ទាំងប៉ុន្មានក៏បាត់អស់រលីងដែរ។
ថ្ងៃបន្ទាប់ខ្ញុំក៏បានទៅលេងនៅឆ្នេរជិតសណ្ឋាគារដែលខ្ញុំគេង។ បើនិយាយទៅឆ្នេរនៅទីនោះមិនសូវជាស្អាតដូចឆ្នេរនៅខ្មែរប៉ុន្មានទេហើយក៏មិនសូវមានអ្នកលេងទឹកប៉ុន្មានដែរ ប៉ុន្តែខ្ញុំស្រលាញ់បរិយាកាសស្ងប់ស្ងាត់នៅទីនោះបូករួមជាមួយនឹងទេសភាពដែលធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបាន។
ស្អែកឡើងខ្ញុំក៏បានទៅញុំាអាហារថ្ងៃត្រង់នៅ Resort មួយដែលនៅជម្រាលភ្នំ ខ្ពស់ល្មមដែលអាចមើលទេសភាពជុំវិញកោះបាន។
រួចហើយពួកខ្ញុំក៏បានជិះកាណូតទៅលេងកោះមួយទៀតដែលអ្នកអាចឃើញនៅក្នុងរូបភាពខាងលើដើម្បីជ្រមុជមើលផ្កាសមុទ្រនិងត្រី។
រីឯត្រីតូចៗនេះវិញអត់មានខ្លាចមនុស្សទេ ពេលខ្លះយើងកំពុងឈរលេងអញ្ចឹងវាមកចឹកជើងយើងទៀត ប៉ុន្តែកុំបារម្ភអីអត់ឈើនោះទេគ្រាន់តែភ្ញាក់តែប៉ុណ្ណោះ។ ហើយខ្ញុំនិងប្អូនខ្ញុំបានយកនំបុ័ងមកដាក់ធ្វើជាចំណីឲ្យវាទៀត ពួកវានាំគ្នាមករោមយើងតែម្ដងពិតជាសប្បាយណាស់។ ខ្ញុំក៏បានឃើញផ្កាសមុទ្រស្អាតៗ ត្រីសមុទ្រផ្សេងៗទៀតហើយជាពិសេសគឺឈ្លើងសមុទ្រតែម្ដង។
ដំណើរកម្សាន្តមួយនេះពិតជាអស្ចារ្យណាស់សម្រាប់អ្នកដែលស្រលាញ់ធម្មជាតិដូចជាខ្ញុំ ព្រោះនៅទីនោះធ្វើឲ្យខ្ញុំមានទំនាក់ទំនងជាមួយធម្មជាតិដែលខ្ញុំមិនធ្លាប់មានពីមុននោះទេ។
អត្ថបទ៖ Sey
No comments:
Post a Comment