កាលពីដើមសប្ដាហ៍ Sabay បានធ្វើការចុះផ្សាយរួចមកហើយពីរបៀបមើលទូរសព្ទ iPhone ដែលផលិតមកថ្មីពីក្រុមហ៊ុន, ទូរសព្ទខូចដែល Apple យកមកជួសជុលឡើងវិញ និងទូរសព្ទដែលអតិថិជនបានប្រើហើយយកទៅប្ដូរថ្មីក្នុងលក្ខខណ្ឌនៅមានការធានា។ ឯអត្ថបទនេះ ចង់ចែករំលែកបទពិសោធន៍ពិតពីយុវជនម្នាក់ ដែលចាញ់បោកអ្នកលក់ ពេលទៅទិញទូរសព្ទថ្មីបែរជាបានទូរសព្ទប្តូរគ្រឿងទៅវិញ។
លោក ឬទិ្ធ ជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនឯកជនមួយបានប្រាប់មកកាន់ Sabay និយាយពីប្រវត្តិទិញទូរសព្ទ iPhone កាលពីមួយឆ្នាំមុនថា លោកបានទិញទូរសព្ទ iPhone 7Plus ទំហំ 32GB ក្នុងតម្លៃ ៧៧០ ដុល្លារ នៅថ្ងៃចេញលក់ដំបូង នៅហាងធំមួយនៅក្នុងទីក្រុងភ្នំពេញ។ ពេលទិញនោះ អ្នកលក់បានបកពីក្នុងប្រអប់ថ្មីចេសបង្ហាញចំពោះមុខតែម្តង មិនគួរឲ្យសង្ស័យនោះទេ។
ពេលទិញនោះ ឬទិ្ធប្រាប់ថា បានពិនិត្យដិតដល់ដែរដូចជារូបរាងខាងក្រៅ គ្រឿងក្នុងនិងមុខងារប្រើប្រាស់មួយចំនួនទៀត។ តែនៅតែភ្លាត់ស្នៀតទាល់តែបាន ថ្មីៗនេះ លោកឆែកមើលទូរសព្ទដែលលោកទិញប្រើជិតមួយឆ្នាំនោះ ជាទូរសព្ទដែលអ្នកលក់លួចប្តូរម៉ាស៊ីនតាំងពីថ្ងៃទិញដំបូង។
"ពេលចឹងទៅ ទើបដឹងថាចាញ់បោកអ្នកលក់តាំងពីថ្ងៃដំបូង ថាទៅទិញអាថ្មីបានអាចាស់ដដែល"។
ទោះជាទូរសព្ទដែលត្រូវបានគេលួចប្តូរគ្រឿង តែប្រើមួយរយៈធំនេះលោកក៏មិនទាន់សង្កេតលេចឃើញមានបញ្ហាអីដែរ។ តែក៏មិនទាន់ច្បាស់ដែរនៅថ្ងៃខាងមុខ អាចនឹងមានបញ្ហាអីកើតឡើង។
ក្រោយពេលចាញ់បោកដោយជឿជាក់អ្នកលក់ពេក លោកក៏ផ្តាំផ្ញើអ្នកដែលទៅរកទិញទូរសព្ទតាមហាង ត្រូវប្រយ័ត្នប្រយែង បើមិនច្បាស់ទេត្រូវនាំអ្នកជំនាញទៅជួយមើល ក្រែងលោប៉ះអ្នកលក់ចិត្តស្លុយយកទូរសព្ទប្តូរគ្រឿងបន្លំភ្នែក ខាតលុយ ខាតពេលហើយក្តៅចិត្តទៀត៕
ចុះប្រិយមិត្តវិញពេលទិញទូរសព្ទថ្មី ធ្លាប់ជួបរឿងនេះដែរទេ?
អត្ថបទ៖ ម៉េងងី
No comments:
Post a Comment