ក្រោយត្រូវសមត្ថកិច្ចឃាត់ដោយជាប់សង្ស័យពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀន ហង្សមាស បានបដិសេធរួចជាស្រេចថា មិនទទួលយក ប៊ុត សីហា វិញទេ។លោក មាស រិទ្ធិ បានថ្លែងដូច្នេះនៅក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់ហង្សមាសព្រឹកថ្ងៃនេះ។
ផ្ដើមពីរឿងហេតុទាំងឡាយ ដែលមានជាប់ពាក់ព័ន្ធនឹងតារាចម្រៀងមកពីខេត្តកំពង់ស្ពឺខាងលើ លោក មាស រិទ្ធី បានបើកកកាយតាំងពី ប៊ុត សីហា មិនគោរពពេលវេលាក្នុងការងារ និងធ្លាប់ធ្វើឲ្យខូចការងារ រហូតដល់ក្រុមហ៊ុនត្រូវចេញលុយសងដៃគូជំនួញម្ដងហើយម្ដងទៀត ទើបក្រុមហ៊ុនត្រូវបង្ខំចិត្តផ្អឹប សីហា ទុកសិន និងទុកឱកាសឲ្យកែខ្លួន។
បន្តមក លោកទទួលបានសំណួរពីប្រិយមិត្តដែលបានសួរថា "បើ ប៊ុត សីហា កែខ្លួនធ្វើជាមនុស្សល្អឡើងវិញ ហង្សមាស ទទួលគេវិញទេ? អគ្គនាយករងរូបនេះ ឆ្លើយថា "មិនទេ"។ លោក បន្តថា "ខ្ញុំបានពិភាក្សារួចហើយជាមួយ អគ្គនាយករួចហើយ ក្រុមហ៊ុនសម្រេចមិនទទួលយក សីហា វិញទេ បើទោះគេកែខ្លួនក៏ដោយ"។
អ្នកអត្ថាធិប្បាយព័ត៌មានរូបនេះ បន្ថែមថា ការមិនទទួលយកម្ចាស់ពាន The Voice Cambodia រូបនេះ ដោយសារថា អ្វីៗបានជ្រុលអស់ទៅហើយ ហើយក្រុមហ៊ុនចង់ទុកឱកាសឲ្យតារាស្រករក្រោយផ្សេងទៀត មានឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ខ្លួន។
ប៊ុត សីហា ត្រូវសមត្ថកិច្ចចាប់ខ្លួននេះធ្វើឡើង នៅព្រលប់ថ្ងៃទី ២១ កុម្ភៈម្សិលមិញ កំពុងទៅទិញគ្រឿងញៀនដើម្បីជក់ នៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយការសាកសួរ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បញ្ជាក់ថា សមត្ថកិច្ចរកឃើញថារូបគេគ្រាន់តែប្រើប្រាស់គ្រឿងញៀន មិនមែនចែកចាយឡើយ។ ដូច្នេះ លោកក៏បានចាត់ចែងឲ្យកម្លាំងជំនាញទាក់ទងទៅអាណាព្យាបាល និងក្រុមគ្រួសារមកធានាយកទៅអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀនហើយ៕
អត្ថបទ៖ ទារិកា
No comments:
Post a Comment