ក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ DHL និយាយកាលពីថ្ងៃអង្គារថា ខ្លួនបានកុម្ម៉ង់ទិញរថយន្តដឹកទំនិញអគ្គិសនី Tesla Semi ដែលក្រុមហ៊ុន Tesla ទើបតែបង្ហាញកាលពីដើមខែនេះចំនួន ១០ គ្រឿង ។
DHL និយាយក្នុងសេចក្តីថ្លែងការណ៍ថា រថយន្តដឹកទំនិញអគ្គិសនីខ្នាតធំទាំង១០គ្រឿងនេះនឹងប្រើប្រាស់សម្រាប់ការធ្វើដំណើរទៅមកទៀងទាត់ និងការដឹកជញ្ជូនអីវ៉ាន់ឱ្យអតិថិជនក្នុងថ្ងៃតែមួយបន្ទាប់ពីកុម្ម៉ង់ទំនិញ ហើយពួកវានឹងត្រូវបានតេស្តសម្រាប់ប្រសិទ្ធភាពឥន្ធនះលើការធ្វើដំណើរផ្លូវឆ្ងាយពោលគឺពីទីផ្សារធំៗទៅកាន់ទីតាំងដទៃផ្សេងទៀតទូទាំងប្រទេស ។ ទន្ទឹមគ្នានេះដែរក្រុមហ៊ុនសេវាកម្មដឹកជញ្ជូន J.B Hunt និងក្រុមហ៊ុនលក់រាយ Wal-Mart ក៏បាននិយាយដែរថា ពួកគេនឹងកុម្ម៉ង់ទិញរថយន្តដឹកទំនិញអគ្គិសនីខ្នាតធំ Tesla Semi នេះដែរ ។
រំឮកថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញ Tesla Semi តម្លៃ ១៥ម៉ឺនដុល្លារកាលពីដើមខែវិច្ឆិកានេះ ហើយសន្យាថាវានឹងចរាចរណ៍លើផ្លូវនៅឆ្នាំ ២០១៩ ។ Musk និយាយថា Semi អាចធ្វើដំណើរបាន ៨០០គីឡូម៉ែត្រក្នុងពេលសាកថ្មតែម្តងគត់ហើយវាចំណាយតិចជាងរថយន្តប្រើម៉ាស៊ូតក្នុងលក្ខខ័ណ្ឌសន្សំសំចៃប្រេងឥន្ធនះ ការថែទាំតិច និងកត្តាមួយចំនួនទៀត ៕
No comments:
Post a Comment