ក្លឹប Barcelona បានបញ្ចេញព័ត៍មានក្តៅៗថា ខ្សែប្រយុទ្ធ Ousmane Dembele នឹងអវត្តមានរយៈពេល ជាង ១ខែ ដោយសារបញ្ហារបួសសរសៃពួរ។
ក្នុងសារផ្លូវការ ក្លឹបអ្នកមានបុណ្យបានសរសេរថា៖ “Dembele មានបញ្ហាត្រង់ភ្លៅឆ្វេងរបស់គេ ហើយការធ្វើតេស្ដបានឲ្យដឹងថា គេរងរបួសសរសៃពួរ។ របួសនេះនឹងធ្វើឲ្យគេអវត្តមានពី ៣ ទៅ ៤សប្ដាហ៍"។
តាំងពីធ្វើការផ្ទេរពីក្លឹប Borrussia Dortmund មក ខ្សែប្រយុទ្ធ Dembele បានពើបប្រទះនឹងរបួសសាច់ដុំសរសៃពួរខាងស្ដាំ ដែលនេះបានធ្វើឲ្យកីឡាករបារាំងរូបនេះ មិនបានលេងជិត ៤ខែ ហើយទើបតែបានជាសះស្បើយកាលពីពេលថ្មីៗនេះប៉ុណ្ណោះ មុនពេលជួបបញ្ហារបួសថ្មីម្ដងទៀតក្នុងថ្ងៃនេះ។ រហូតមកទល់ពេលនេះ Dembele ទើបតែបានបង្ហាញខ្លួនឲ្យក្លឹបអ្នកមានបុណ្យ ចំនួន ៧លើកប៉ុណ្ណោះ។
អវត្តមានជាងមួយខែដោយសាររបួសថ្មី Dembele នឹងមិនបានលេងក្នុងការប្រកួតជាច្រើន។ ក្នុងនោះ ក្នុងក្របខ័ណ្ឌ La Liga កីឡាកររូបនេះ នឹងអវត្តមានពេលក្លឹបអ្នកមានបុណ្យលេងប៉ះក្លឹប Betis, Alves, Espanyol និង Gatafe។ ដោយឡែក ក្នុងកម្មវិធី Copa Del Rey កីឡាករ Dembele នឹងមិនបានលេងក្នុងប្រកួតជាមួយ Espanyol ខណៈខ្សែប្រយុទ្ធរូបនេះ អាចនឹងមិនបានទាំងលេងក្នុងប្រកួត Champions League ពេលក្លឹបប៉ះជាមួយ Chelsea៕
No comments:
Post a Comment