រោងចក្រកែច្នៃផលិតជ័រកៅស៊ូខ្នាតធំជាងគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនវៀតណាម ស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញ។
រោងចក្រកែច្នៃកៅស៊ូស្ទោង ស៊ីអស៊ីខេ២ របស់ក្រុមហ៊ុនកៅស៊ូ ជីសេ ជាសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) គ្រប់គ្រងដោយរដ្ឋនៃប្រទេសវៀតណាម ដែលផលិត និងនាំចេញកៅស៊ូច្រើនជាងគេក្នុងប្រទេសមួយនេះ។ រោងចក្រនេះ មានសមត្ថភាពផលិតជ័រកៅស៊ូកែច្នៃបានចំនួន ២១៥០០ តោនក្នុងមួយឆ្នាំ ហើយតួលេខនៃផលិតកម្មនេះនឹងកើនឡើងរហូតដល់ ៤៥០០០ តោននៅត្រឹមឆ្នាំ២០៣០។
ទន្ទឹមនឹងនេះដែរ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឲ្យមានវិនិយោគិនពីប្រទេសវៀតណាមបន្ថែមទៀតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកែច្នៃផលិតផលវត្ថុធាតុដើមពីកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាពត្រូវនឹងតម្រូវការទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។
សារព័ត៌មានក្នុងស្រុករបស់ប្រទេសវៀតណាមមួយបានរាយការណ៍ថា រយៈពេលជាង១ទសវត្សរ៍មកនេះ សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមបានវិនិយោគដាំដំណាំកៅស៊ូលើទំហំផ្ទៃដីជិត ៩០០០០ ហិកតាក្នុងខេត្តចំនួន៨ នៅលើទឹកដីកម្ពុជា ដោយចំណាយទុនវិនិយោគប្រមាណជិត ៧០០ លានដុល្លារអាមេរិក។
គូរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ប្រមូលផលកៅស៊ូបានជាង២៧៨ពាន់តោន កែច្នៃជ័រកៅស៊ូគ្រប់ប្រភេទបានជាង ៣៦៥ពាន់តោន។ VGR បានធ្វើការលក់ចេញបាន ៣៤៥ពាន់តោន និងរកបានចំណូលសរុបជាង ៣០៣លានដុល្លារអាមេរិក ខណៈនៅខែដើមខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមអ្នកផលិត និងនាំចេញកៅស៊ូធំជាងគេមួយនេះ នឹងបើកយុទ្ធនាការ បោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ដើម្បីសម្រេចបាននូវមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនប្រាក់ចំណូលឲ្យបាន ១៧៦ ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕
No comments:
Post a Comment