អះអាងថា ជាកិច្ចរួមចំណែកជួយលើកស្ទួយសិល្បៈភាពយន្តក្នុងស្រុក ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា ពីពេលនេះទៅ លោកនឹងទទួលទិញភាពយន្ត(សម្រាប់រោងកុន) ក្នុងស្រុកពីផលិតករនានាដើម្បីបញ្ចៀសពួកគេ ពីការខាតបង់។
ផែនការនេះ បានកើតឡើង បន្ទាប់ពីលោកបានមើលឃើញពីផលលំបាករបស់បងប្អូនផលិតករក្នុងការស្វែងរកប្រាក់ចំណេញមកវិញ ពីស្នាដៃកុនដែលខ្លួនបានផលិត។ បែបនេះហើយ ផ្សំនឹងខ្លួនបច្ចុប្បន្នកំពុងមមាញឹកនឹងមុខជំនួញក្នុងវិស័យអចលនទ្រព្យផង មិនមានពេលផលិតភាពយន្តបន្តទៅទៀត ទើបលោកសម្រេចថា ទិញភាពយន្តពីផលិតករនានាតែម្ដង។
ណាវ៉ាត្រា យល់ថា ធ្វើបែបនេះ មានផលល្អ២យ៉ាង ទី១បញ្ចៀសផលិតករពីការខាតបង់ និងទី២ លើកស្ទួយសិល្បៈភាពយន្តក្នុងស្រុកផង។ “ខ្ញុំជាអ្នកស្រឡាញ់សិល្បៈ ពិសេសភាពយន្ត ចង់ចូលរួមលើកស្ទួយ ប៉ុន្តែដូចឃើញអីចឹង ខ្ញុំអត់មានពេលផលិតទៀតទេឥឡូវ អីចឹងអ្វីខ្ញុំអាចធ្វើបាន គឺខ្ញុំនឹងទិញបន្តពីបងប្អូន ដើម្បីកុំអោយពួកគាត់ជួបរឿងខាតបង់ សុខចិត្តខាត ចំណេញលើខ្ញុំជាអ្នករ៉ាប់រងចុះ"។
ក្រោយពីការអះអាងខាងលើ អតីតពលកររូបនេះ បន្ថែមថា លោកនឹងទទួលទិញភាពយន្តខ្មែរប្រភេទរឿងបញ្ចាំងនៅរោងកុនទាំងអស់ ដែលផលិតករផលិតហើយ មិនចង់ចំណាយពេលយូរប្រមូលប្រាក់ចំណូលមកវិញ។ យ៉ាងណាក៏ដោយ លោក អះអាងថា លោកក៏នឹងពិនិត្យលើគុណភាពដែរ ប្រសិនបើល្អគ្រប់គ្រាន់ លោកមិនស្ទាក់ស្ទើរក្នុងការទិញឡើយ ទោះប៉ុន្មានរឿងក៏ដោយ។
ចំពោះកិច្ចការខាងលើ ណាវ៉ាត្រា បញ្ជាក់ថា លោកបានជួបជាមួយផលិតករមួយចំនួនរួចមកហើយ។ ប៉ុន្តែមិនទាន់មានលទ្ធផលវិវត្តនៅឡើយ ដោយសារ ផលិតករខ្លះ នៅមានការរារែកក្នុងការលក់ចេញស្នាដៃខ្លួន។
ឡេង ណាវ៉ាត្រា ដែលទើបទទួលបានងារ "ឧកញ៉ា" ថ្មីៗ គឺជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ។ ក្រោយត្រឡប់មកប្រទេសកំណើតវិញកាលពីឆ្នាំ ២០១៤ លោកបានវិនិយោគលើរឿង "កំពូលល្ងង់នៅអាស៊ី" ដែលជាភាពយន្តដំបូង និងចុងក្រោយរបស់លោកគិតត្រឹមដើមឆ្នាំ ២០១៨ ក៏ព្រោះតែលោកមមាញឹកនឹងមុខរបររៀលអ៊ីស្តេតច្រើនជាង។
ក្រៅពីនេះ លោកក៏នៅផលិតបទចម្រៀងប្រភេទ Original Song ដែរ ដោយក្នុងនោះ បទ "អោយតែគិតចេះតែចង់យំ" បានចំណាយទុនផលិតស្ទើរស្មើកុនមួយរឿង។ ថ្មីៗនេះ លោកទើបបញ្ចេញបទថ្មីមួយទៀតមានចំណងជើងថា "នៅសល់តែអនុស្សាវរីយ៍" ទទួលបានការគាំទ្រយ៉ាងច្រើន៕
អត្ថបទ៖ ទារិកា
No comments:
Post a Comment